Wednesday, March 30, 2022

ផ្ដាំតៗគ្នាផង! ចាប់ពីស្អែក កម្ពុជា អាចមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ ខ្យល់កន្ត្រាក់ ដល់ដើមខែមេសា

 

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២២ ឱ្យបានដឹងថា ក្នុងអំឡុងមួយសប្ដាហ៍ខាងមុខនេះ កម្ពុជា នឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ ៖

– នៅថ្ងៃទី ៣០ ខែមីនា ដល់ថ្ងៃទី ១ ខែមេសា ឥទ្ធិពលសម្ពាធទាបសកម្មដែលនឹងកើតឡើងនៅសមុទ្រចិនខាងត្បូង ក្បែរភាគខាងត្បូងប្រទេសវៀតណាម។

– នៅថ្ងៃទី ២-៥ ខែមេសា ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតបង្គួរ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖

១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C

– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C

– នៅថ្ងៃទី ៣០ ខែមីនា ដល់ថ្ងៃទី ២ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ តែចាប់ពីថ្ងៃទី ៣-៥ ខែមេសា បរិមាណភ្លៀងនឹងចុះខ្សោយ ទន្ទឹមនោះ សីតុណ្ហភាពអប្បបរមា ក៏ចុះត្រជាក់បន្តិចបន្ថែមទៀត។

២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C

– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C

– នៅថ្ងៃទី ៣០ ខែមីនា ដល់ថ្ងៃទី ២ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តែចាប់ពីថ្ងៃទី ៣-៥ ខែមេសា បរិមាណភ្លៀងនឹងចុះខ្សោយ ទន្ទឹម នោះសីតុណ្ហភាពអប្បបរមាក៏ចុះត្រជាក់បន្តិចបន្ថែមទៀត។

៣. តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C

– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C

– នៅថ្ងៃទី ៣០ ខែមីនា ដល់ថ្ងៃទី ២ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តែចាប់ពីថ្ងៃទី ៣-៥ ខែមេសា បរិមាណភ្លៀងនឹងចុះខ្សោយ៕


Tuesday, March 29, 2022

ក្តៅៗ! ពេលនេះរឿងក្តី Tangmo ធ្លាក់ដល់ដៃនាយកដ្ឋានស៊ើបអង្កេតពិសេស ផ្អែកលើលក្ខខណ្ឌទាំង ៥ នេះ

 

ជាង ១ ខែទៅហើយ ដែលក្រុមសមត្ថកិច្ច ក៏ដូចជាក្រុមគ្រូពេទ្យជំនាញដែលមកពី ៣ មន្ទីរពេទ្យផ្សេងគ្នា រួមសហការគ្នាក្នុងការស៊ើបអង្កេតទៅលើរឿងក្តីការស្លាប់របស់តារាស្រី Tangmo។

អ្វីដែលកាន់តែធ្វើមហាជននៅពុំសុខនោះគឺ អស់រយៈពេលជាង ១ ខែមកនេះ ក្រុមគ្រូពេទ្យនៅពុំទាន់សម្រេចលទ្ធផលការកោសល្យវិច័យយ៉ាងច្បាស់លាស់ណាមួយឱ្យមហាជន ក៏ដូចជាក្រុមគ្រួសារនៃសពបានដឹងការពិត និង អស់ចិត្តទៅលើរឿងក្តីមួយនេះនៅឡើយ។

រហូតមកទល់ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ស្រាប់តែម្តាយរបស់ Tangmo បានស្នើសុំបញ្ឈប់ការស៊ើបអង្កេតរបស់ក្រុមគ្រូពេទ្យ និង សមត្ថកិច្ច ដោយលោកស្រីបានស្នើសុំឱ្យក្រុមអ្នកស៊ើបអង្កេតពិសេស ដែលហៅកាត់ថា (DSI) ចូលមកលូកដៃក្នុងការស៊ើបទៅលើរឿងក្តីរបស់កូនស្រីវិញ ខណៈពេលកន្លងមកជាង ១ ខែហើយនៅពុំទាន់ដឹងមូលហេតុពិតនៃការស្លាប់ និង ទទួលបានយុត្តិធម៌ទៀតនោះ។

ជាមួយនឹងការស្នើសុំនោះដែរ ពេលនេះខាងក្រុមអ្នកស៊ើបអង្កេតពិសេស ដែលហៅកាត់ថា (DSI) ក៏បានចូលខ្លួនស៊ើបដោយផ្ទាល់ទៅលើរឿងក្តីមួយនេះហើយ ដោយផ្អែកលើលក្ខខណ្ឌទាំង ៥ នេះថា ៖ «១. កន្លងមកហាក់មានភាពរញ៉េរញ៉ៃដូចជា មានការប្រមូលភស្តុតាងច្រើនតែគ្មានលទ្ធផល ២. ចំពោះរឿងក្តីមួយនេះវាមានផលប៉ះពាល់មនុស្សជាច្រើននៅក្នុងសង្គម និង ប៉ះពាល់ដល់ស្ថេរភាពសេដ្ឋកិច្ចធ្ងន់ធ្ងរ ៣. ជាករណីពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន ៤.មានអ្នកមានអំណាចនៅពីក្រោយរឿងក្តី ៥. មានអ្នកធ្វើការធំ និង ប៉ូលិសមានស័ក្តិមានអំណាចនៅពីក្រោយ»។

យ៉ាងណាមិញ ជុំវិញលក្ខខណ្ឌទាំង ៥ នេះ ជាហេតុផលដែលធ្វើឱ្យខាងក្រុមអ្នកស៊ើបអង្កេតពិសេសចូលលូកដៃចំពោះរឿងក្តីការស្លាប់យ៉ាងអាថ៌កំបាំងរបស់តារាស្រី Tangmo។ ចំណែកមហាជន ក៏សង្ឃឹមថា ក្រុមអ្នកស៊ើបអង្កេតពិសេសនឹងមិនធ្វើឱ្យមហាជនខកចិត្តផងដែរ៕


ប្រាប់តៗគ្នាផង! ឆ្នាំនេះ ប្រកាសរើសមន្ត្រីជាប់កិច្ចសន្យា ១៦៩៣២ នាក់ នៅក្រសួង-ស្ថាប័នទាំងនេះ


តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងមុខងារសាធារណៈ ចុះថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ បានបញ្ជាក់ឱ្យដឹងពីគោលការណ៍ ក៏ដូចជាការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ១៦ ៩៣២ នាក់ នៅឆ្នាំ ២០២២ នេះ ក្រោមការសម្រេចយល់ព្រមពីរាជរដ្ឋាភិបាល។

តាមរយៈសេចក្ដីប្រកាស ក្នុងចំណោម ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ១៦ ៩៣២ នាក់ គឺមានដូចជា ៖

– មន្ត្រីឆ្មាំទំនប់ប្រព័ន្ធធារាសាស្ត្រ ជាប់កិច្ចសន្យាចំនួន ២៥០ នាក់

– គ្រូបង្រៀនពុទ្ធិកសិក្សា ជាប់កិច្ចសន្យាចំនួន ១ ៤៦២ អង្គ/នាក់

– គណៈគ្រប់គ្រងពុទ្ធិកសិក្សាចំនួន ៣៥២ អង្គ/នាក់

– គ្រូបង្រៀនជាប់កិច្ចសន្យាចំនួន ៩ ៨៩៦ នាក់

– គ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរ-ឥស្លាមចំនួន ១៧៨ នាក់

– គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធចំនួន ២ ៤៧២ នាក់

– គ្រូបង្រៀនពីរថ្នាក់ពីរពេល(២ វេន) ចំនួន ១១ ៦៧១ នាក់

– គ្រូបង្រៀនថ្នាក់គួបពីរចំនួន ២ ៥៩៨ នាក់

– និង គ្រូបង្រៀនថ្នាក់គួបបីចំនួន ១២០ នាក់។

ចំពោះស្ថាប័ន-ក្រសួង ក៏ដូចជាលក្ខខណ្ឌនានា មានចែងដូចក្នុងសេចក្ដីលម្អិតខាងក្រោម៖


ឆ្នាំខាលថ្មីនេះ ទំនាយថ្ងៃឡើងស័កថា នឹងមានទឹកភ្លៀងទឹកទន្លេធំ មានកើតចោរឃ្មួញ ចោរលួចចោរប្លន់ច្រើន

 

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នឹងឈានចូលមកដល់ នៅថ្ងៃព្រហស្បតិ៍​ ១៣ កើត​ ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២២ វេលាម៉ោង ១០ និង ០០ នាទី។

ទន្ទឹមនឹងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលកៀកខិតជិតមកដល់ បើតាមសៀវភៅ​មហាសង្ក្រាន្ត ដែល​រៀបរៀង​ដោយ​ឯកឧត្ដម អ៊ឹម បុរិន្ទ​ អគ្គលេខាធិការ​រង គណៈកម្មការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង ​អន្តរជាតិ គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង ​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ បាន​បង្ហាញ​អំពី​ទំនាយតាមថ្ងៃសង្ក្រាន្ត ​នៃឆ្នាំ​ថ្មី​ ដែលក្នុងនោះ ទំនាយថ្ងៃឡើងស័ក គឺទឹកភ្លៀងទឹកទន្លេធំ មានកើតចោរឃ្មួយ ចោរលួចចោរប្លន់ច្រើន។

ខាងក្រោមនេះ ជាទំនាយលម្អិតក្នុងថ្ងៃ ទាំង ៣ ៖

ទំនាយថ្ងៃមហាសង្ក្រាន្ត ថ្ងៃចូលឆ្នាំ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទំនាយថា៖ ឆ្នាំនោះព្រះរាជា ព្រះសង្ឃរាជគណៈ ព្រឹទ្ធាចារ្យចាស់ស្រុកនឹងមានសេចក្ដីក្ដៅក្រហាយខ្លោចផ្សារចិត្តច្រើនជាអនេក។

ទំនាយថ្ងៃវ័នបត ត្រូវនឹងថ្ងៃ សុក្រទំនាយថា៖ ឆ្នាំនោះម្ទេសនឹងមានតម្លៃ សត្វត្មាត ក្អែក ស្លាប់ដោយជំងឺអាសន្នរោគ សត្វព្រៃទាំងឡាយ នឹងវិនាសអន្តរាយទៅដោយប្រការផ្សេងៗ តែឯស្ត្រីមេម៉ាយនឹងមានលាភ។

ទំនាយថ្ងៃឡើងស័ក ថ្ងៃឡើងស័ក ត្រូវនឹងថ្ងៃសៅរ៍ ទំនាយថា៖ ឆាំ្ននោះពពួកទាហានក្លាហានទាំងឡាយប្រកបដោយសេចក្តីសុខ នឹងមានវិជ្ជាការផ្សេងៗ ទោះបីធ្វើយុទ្ធសង្គ្រាម និង បច្ចាមិត្រគ្រប់ទិសទី និង មានជ័យជំនះគ្រប់ពេលវេលា។ ទឹកភ្លៀងទឹកទន្លេធំ តែមានកើតចោរឃ្មួយ ចោរលួចចោរប្លន់ច្រើន។

ពេលវេលាមហាសង្ក្រាន្ត ចូលឆាំ្ននៅវេលាម៉ោង ១០ ព្រឹក នោះព្រះនាងទេវធីតាឈរ នៅលើពាហនៈ ទំនាយថា ៖ បរិជនទាំងឡាយ នឹងមានសេចក្តីវិបត្តិ ប្រែត្រឡប់ទៅជាប្រការដទៃផ្សេងនានាជាអនេក។ ខុនណាងទាំងឡាយ នឹងក្តៅក្រហាយចិត្តជាអនេកកប្បការ។

គួរឱ្យដឹងផងដែរថា ទេវធីតាដែលនឹងយាងមកគ្រប់គ្រងជម្ពូទ្វីបមនុស្សលោក ឆ្នាំថ្មីនេះ ជាបុត្រីទី ៥ នៃកបិលមហាព្រហ្ម ព្រះនាង កិរិណីទេវី គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ បៃតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សោយ សណ្ដែក-ល្ង ព្រះហស្តស្ដាំទ្រង់ កង្វេរ ព្រះហស្តឆ្វេងទ្រង់ កាំភ្លើង (វិជ្រៈ) ទ្រង់គង់ឈរបើកព្រះនេតនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ៕


ស៊ែរចែកគ្នាដឹង! ថ្ងៃទី ៣១ ផ្អាកចរាចរណ៍បណ្ដោះអាសន្ន កំណាត់ផ្លូវជាតិលេខ ៣ ចាប់ពីផ្លូវ ៣០ ម៉ែត្រ ដល់ស្ពានអាកាសចោមចៅ

 

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹង ប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ ផ្លូវប្រសព្វចោមចៅ (អតីតរង្វង់មូលចោមចៅ) ឱ្យបានដឹងថា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ខាងមុខនេះ ចាប់ពីម៉ោង ០៥:០០ នាទី រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅ ដែលស្ថិតនៅសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយ សាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការបញ្ចៀសចរាចរ និង ផ្អាកចរាចរជាបណ្តោះអាសន្ន ជុំវិញទីតាំងប្រារព្ធពិធី រហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទ ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ ៣ ចាប់ពីផ្លូវ ៣០ ម៉ែត្រ (ផ្លូវបុរីសន្តិភាព) រហូតដល់ស្ពានអាកាសចោមចៅ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និង បញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ ខណៈផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានី នឹងបើកឱ្យចរាចរជាធម្មតាវិញ៕


ផ្ទុះការភ្ញាក់ផ្អើល! សូដា នីតា ប្រកាសឈប់ធ្វើការជាមួយ យ៉ែម សំអូន ហើយបោះសម្តីមួយឆ្ងាញ់ឱ្យទៀត

 

នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីតារាស្រី សូដា នីតា បានបង្ហោះរូបភាពមួយសន្លឹកនឹងតារាចម្រៀង យ៉ែម សំអូន ជាមួយនឹងការប្រកាសក្តែងៗជាសាធារណៈថា នាងសុំបញ្ឈប់រាល់ការងារជាមួយក្រុមតន្ត្រី Dara Entertainment ដែលគេដឹងថាជារបស់លោក យ៉ែម សំអូន ចាប់ពីថ្ងៃនេះ តទៅទៀតហើយ។

សារនោះដែរ អ្នកនាង សូដា នីតា ថែមទាំងបាន Mention ភ្ជាប់នូវក្រុមហ៊ុន ​Dara Entertainment និង ឈ្មោះលោក យ៉ែម សំអូន ដោយរៀបរាប់ថា ៖ «១ សន្លឹកនេះ គឺជាសន្លឹកខ្ញុំផុសចុងក្រោយ ដោយ នាងខ្ញុំសូមប្រកាសរាល់ការងារ Dara Entertainment Samonn Yem គឺនាងខ្ញុំសូមបញ្ឈប់ទាំងអស់។ មនុស្សគ្រប់គ្នាតែងតែចង់បានល្អ កុំចេះតែថាឱ្យគេខុស ១០០ ដង ដោយមិនមានអ្នកមិនហ៊ានតប តែដល់ពេលគេហ៊ានតបតាំងពីក្តៅក្រហាយ! កញ្ចក់អាចឆ្លុះខ្លួន មុខ របស់យើង ពេលដែលយើងត្រូវការ តែភ្នែកមនុស្សគឺជាកញ្ចក់ជាប់នឹងសកម្មភាពរបស់មនុស្សគ្រប់គ្នា! រៀនមើលគេល្អខ្លះផង!»។

ក្រោយពីសារនេះបានផុសជាសាធារណៈ មហាជនអ្នកគាំទ្របានផ្ទុះការចាប់អារម្មណ៍ និង ងឿងឆ្ងល់យ៉ាងខ្លាំងថា តើមានរឿងអ្វីកើតឡើងរវាងលោក យ៉ែម សំអូន ដែលគេស្គាល់ថាជាប្រធាន ​Dara Entertainment និង អ្នកនាង សូដា នីតា ទើបបានជាធ្វើឱ្យអ្នកនាង សូដា នីតា ឈានដល់ការផុសសារបែបនេះឡើង។ ទោះយ៉ាងណា គេក៏មិនទាន់ច្បាស់នៅឡើយទេពីមូលហេតុពិតនៅពីក្រោយការបង្ហោះសារនេះ មានតែរង់ចាំការបកស្រាយពីតារាទាំងពីរនេះប៉ុណ្ណោះ៕


ទម្លាយស្ថានភាពបច្ចុប្បន្ន ម្ចាស់បទ F4 ខ្មែរ អោក សុម៉ារីម៉ា និង ចាន់ សម័យ ក្រោយបាត់ឈឹងពីសិល្បៈ

 

កាលពី ២០ ឆ្នាំមុន ពោលគឺកំឡុងឆ្នាំ ២០០០ កន្លងទៅនោះ ក្នុងវិស័យចម្រៀងនរណាដែលថាមិនធ្លាប់បានស្តាប់បទចម្រៀង «មិនស្រឡាញ់អូនមិនបាន» «មិនអាចគ្មានអូន» «ស្នេហ៍ក្រោមពន្លឺកាំជ្រួច» «ស្នេហ៍ដែលអូនចង់បាន» ដែលបកស្រាយដោយតារាចម្រៀង ចាន់ សម័យ និង អោក សុម៉ារីម៉ា ដកស្រង់ចេញពីរឿងភាគល្បី «ស្នេហាបួនដួង» ឬ «F4» នោះ ។

ប្រាកដណាស់ថាប្រិយមិត្តមួយចំនួនធំនឹងធ្លាប់បានស្តាប់ ហើយក៏អាចចេះច្រៀងថែមទៀតផង ។ យ៉ាងណាមិញ បើងាកមកម្ចាស់បទចម្រៀងគឺលោក ចាន់ សម័យ និង អ្នកនាង អោក សុម៉ារីម៉ា វិញ តើមកដល់ពេលនេះពួកគេបានរសាតអណ្តែត និង មានជីវិតរស់នៅបែបណាខ្លះ បន្ទាប់ពីចេញឆ្ងាយពីវីស័យសិល្បៈអស់រយៈពេល ២០ ឆ្នាំមកនេះ?

១. លោក ចាន់ សម័យ

បច្ចុប្បន្ននេះលោក ចាន់ សម័យ កំពុងរស់នៅក្នុងផ្ទះវីឡាតឿមួយក្នុងបុរី ឡេង ណាវ៉ាត្រា នៅម្តុំទួលពង្រ ដែលផ្ទះវីឡានោះគឺជាអំណោយរបស់សម្តេច ហ៊ុន សែន និង លោកជំទាវ បានទិញឱ្យរូបគេ និង គ្រួសារ បន្ទាប់ពីសម្តេចបានទទួលដំណឹងពីការរស់នៅយ៉ាងលំបាក និង រូបគេកំពុងស្ពាយជំងឺប្រចាំកាយទៀតនោះ ។

បើនិយាយពីអតីតកាល លោក ចាន់ សម័យ បានបាត់មុខឈឹងពីវិស័យសិល្បៈរាប់ឆ្នាំ ដោយគេមិនបានដឹងថាលោករសាត់អណ្តែតដល់ទីណានោះទេ រហូតដល់ដើមឆ្នាំ ២០១៩ ស្រាប់តែបែកធ្លាយរូបភាព និង ដំណឹងថា លោកបានរស់នៅយ៉ាងលំបាក ខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយថែមទាំងមានប្រពន្ធ និង កូនក្នុងបន្ទុកទៀត អ្វីដែលពិសេសនោះគឺលោកមានជំងឺប្រចាំកាយ ជាហេតុធ្វើឱ្យមិត្តក្នុងសិល្បៈជំនាន់លោកភ្ញាក់ផ្អើល និង រន្ធត់ចិត្តយ៉ាងខ្លាំង ។

២. អ្នកនាង អោក សុម៉ារីម៉ា

បើនិយាយដល់តារាចម្រៀង អោក សុម៉ារីម៉ា ឯណេះវិញ ហាក់ផ្ទុយស្រឡះពីតារាចម្រៀង ចាន់ សម័យ ដោយបច្ចុប្បន្ននេះអ្នកនាងកំពុងរស់នៅឯទឹកដីប្រាក់ដុល្លារសហរដ្ឋអាមេរិក ក្រោយបានរៀបការជាមួយអាណិកជនខ្មែររស់នៅទីនោះ ។ ក្នុងជីវិតរស់នៅឯក្រៅប្រទេសនេះ អ្នកនាង អោក សុម៉ារីម៉ា បានរស់នៅយ៉ាងឡូយឆាយ និង មានសុភមង្គលជាមួយគ្រួសារដ៏កក់ក្តៅមួយ ។

រស់នៅលើទឹកដីសហរដ្ឋអាមេរិកនោះដែរ អ្នកនាង អោក សុម៉ារីម៉ា ក៏មានមុខរបររកស៊ីផ្ទាល់ខ្លួនផងដែរ ដោយលក់ផលិតផលដែរក្សាសម្រស់តាមអនឡាញ នេះបើតាមគណនីហ្វេសប៊ុករបស់អ្នកនាងបានបង្ហាញ និង តែងតែផ្សព្វផ្សាយនោះ ៕