អស់រយៈពេលប្រហែលមួយអាទិត្យទៅហើយ តែរឿងរ៉ាវក្តីមួយនៅតែធ្វើឱ្យផ្អើលក្តៅក្រហាយមិនសុខចិត្តពេញបណ្តាញសង្គមថៃ ដោយមានគ្រូពេទ្យស្រីម្នាក់ ត្រូវបានប៉ូលិសម្នាក់ជិះម៉ូតូបុកស្លាប់ តែជនបង្កបែរជារួចខ្លួនហើយទៅបួសបាន ដែលជាហេតុបង្កឱ្យមានមតិមិនសុខចិត្តជាច្រើនពីសំណាក់មហាជន។
តាមព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ កន្លងទៅ គ្រូពេទ្យស្រីជំនាញខាងភ្នែកម្នាក់ឈ្មោះថា Kratai អាយុ ៣៣ ឆ្នាំ បានធ្វើដំណើរឆ្លងផ្លូវលើគំនូសនៅមុខមន្ទីរពេទ្យដែលខ្លួនធ្វើការនៅទីក្រុងបាងកក ស្រាប់តែភ្លាមៗមានជនម្នាក់បានបើកម៉ូតូធំក្នុងល្បឿនលឿន រួចបោះពួយបុកមួយទំហឹងរហូតបណ្តាលឱ្យគ្រូពេទ្យស្រីបាត់បង់ជីវិតនាកណ្តាលផ្លូវតែម្តង។
ក្នុងនោះជនបង្ករូបនេះ ត្រូវបានគេដឹងថាជាប៉ូលិសមួយរូប ហើយក្រោយកើតហេតុភ្លាមគេមិនរត់គេចនោះទេ គេបានចូលខ្លួនទៅសារភាពផងដែរ។ លើសពីនេះទៅទៀត គេថែមទាំងបានទៅក្រាបសុំទោស សុំអហោសិកម្មពីគ្រួសារជនរងគ្រោះថែមទៀតផង។
យ៉ាងណាមិញ អ្វីដែលធ្វើឱ្យមហាជនមិនសុខនោះគឺ គេមិនបានដំណើរក្តីទៅតាមច្បាប់រកភាពយុត្តិធម៌ឱ្យជនរងគ្រោះឱ្យលឿននោះទេ តែបែរជាបណ្តោយឱ្យជនបង្ក និង ឪពុករបស់គេឆ្លៀតសុំទៅបួស ដោយអះអាងថាចង់បួសឧទ្ទិសកុសលឱ្យជនរងគ្រោះទៅវិញ។ដោយឡែក ខាងជនបង្កបានឱ្យដឹងថា ខ្លួនពិតជាមានចិត្តចង់បួសសុំខមាទោសពិតមែន ដោយគ្មានចេតនាចង់រត់គេចពីក្តីអ្វីឡើយ ហើយមកទល់ពេលនេះ គេក៏បានសឹកមកហើយ ដោយត្រៀមខ្លួនប្រឈមមុខនឹងច្បាប់ផងដែរ។
យ៉ាងណាមិញ មហាជនពិតជានឹកអាណិតដល់ក្រុមគ្រួសារអ្នកស្លាប់មិនតិចនោះទេ ហើយគេក៏នៅតែនឹកក្តៅក្រហាយដដែល ព្រោះមិននឹកស្មានថា ជនកំពុងជាប់ចោទបែរជាអាចទៅបួសបានដូច្នេះ៕









0 comments:
Post a Comment