គួរអោយសង្វេគណាស់! វេទនារឿងកូវីដពិបាករកស៊ីពេក ស្រ្តីម្នាក់ដុតផ្សែងបំពុលសម្ល-ា.ប់ខ្លួន ជាមួយកូនស្រីពិការ
នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ នាខេត្តផេចបុរី ប្រទេសថៃ មានហេតុការណ៍មួយ ដែលបង្កឱ្យស្រណោះស្រណោកពេញបណ្តាញសង្គមទៀតហើយ ដោយមានស្រ្តីអាយុ ៥៧ ឆ្នាំម្នាក់ បានដុតផ្សែងបំពុលសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួលជាមួយកូនស្រីពិការយ៉ាងគួរឱ្យអាណិត ដែលមូលហេតុត្រូវបានគេដឹងថា ដោយសារតែពិបាកចិត្តរឿងរកស៊ីក្នុងសម័យកូវីដ។
តាមស្វាមីរបស់ស្ត្រីខាងលើបានឱ្យដឹងថា ខ្លួនជាអ្នករកស៊ីលក់ឆ្នោត ហើយប្រពន្ធរូបនេះ នៅផ្ទះមើលថែកូនស្រីដែលពិការដើរមិនរួច។ ជារៀងរាល់ថ្ងៃ ប្តីតែងតែចេញទៅលក់ឆ្នោតនៅពេលព្រឹក រួចត្រឡប់មកវិញនៅពេលថ្ងៃ ដើម្បីយកបាយឱ្យប្រពន្ធ និង កូនហូបជុំគ្នា ទើបត្រឡប់ទៅលក់វិញតាមធម្មតា។
ចំណែកនៅថ្ងៃកើតហេតុ មុននឹងចេញទៅលក់ ស្រាប់តែប្រពន្ធដើរមកឱប ព្រមទាំងប្រាប់ថាស្រឡាញ់ទាំងទឹកភ្នែក តែប្តីមិនបានចាប់អារម្មណ៍ ហើយលោកក៏ចេញទៅលក់ធម្មតាវិញ។ រហូតដល់ពេលល្ងាច ប្តីរូបនេះបានខលមករកប្រពន្ធជាច្រើនដង តែខលមិនចូលឡើយ រួចលោកក៏បានពឹងអ្នកនៅជិតបន្ទប់ឱ្យជួយទៅគោះទ្វារហៅ តែអ្នកជិតខាងប្រាប់ថាមិនបានឮសំឡេងឆ្លើយអ្វីឡើយ។
បុរសជាប្តីនៅមិនសុខ ក៏ស្រូតត្រឡប់មកបន្ទប់ជួលវិញ ស្រាប់តែឃើញប្រពន្ធ និង កូន ដេកស្លាប់នៅទីនោះតែម្តង។ តាមការត្រួតពិនិត្យនៅកន្លែងកើតហេតុ គេឃើញមានចង្រ្កានធ្យូងមួយ និង ផើងមួយទៀត ដែលមើលទៅទំនងជាជនរងគ្រោះបានដុត ដើម្បីឱ្យមានផ្សែង ហើយនៅត្រង់ទ្វារ គេក៏ឃើញមានក្រណាត់បិទខ្យល់ មិនឱ្យខ្យល់ចេញចូលថែមទៀតផង។
យ៉ាងណាមិញ បើតាមការរៀបរាប់របស់ស្វាមីជនរងគ្រោះបានឱ្យដឹងថា គ្រួសារខ្លួនបានជំពាក់បំណុលគេច្រើនណាស់ ហើយរកស៊ីក៏មិនសូវកាក់កបព្រោះកូវីដ ចំណែកកូនប្រុសក៏ញៀនថ្នាំ តែងតែមកអុកឡុករកលុយមិនដាច់ កូនស្រីក៏ពិការនិយាយមិនកើតធ្វើអ្វីក៏មិនបាន ទើបប្រពន្ធ ដាច់ចិត្តបញ្ចប់ជីវិតរួមជាមួយនឹងកូនស្រីទាំងបែបនេះ៕






0 comments:
Post a Comment