កាលពីមួយរយៈមុនកន្លងទៅ លោក អៀង ចេនឡា បានធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈរួមអាជីព មានការព្រួយយ៉ាងខ្លាំងម្ដងរួចហើយ ក្រោយឃើញលោកធ្លាក់ខ្លួនឈឺធ្ងន់ ដោយមានបញ្ហាសួតធ្ងន់ធ្ងរត្រូវសម្រាកព្យាបាលមន្ទីរជាច្រើនថ្ងៃ។
ម៉្យាងវិញទៀត គេសង្កេតឃើញថា តារាប្រុសរូបនេះ ចាប់តាំងពីធ្លាក់ខ្លួនឈឺមក រាងកាយរបស់លោកហាក់មានសភាពស្គមស្គាំងខ្លាំង ប៉ុន្តែក៏បានធូរស្រាលទៅវិញមួយរយៈ។
ដោយឡែកក្រោយធូរស្បើយពីជំងឺ និងធ្វើការងារសិល្បៈវិញបានមួយរយៈនោះ ស្រាប់តែនៅយប់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ បានទទួលដំណឹងថា លោក អៀង ចេនឡា កំពុងធ្លាក់ខ្លួនឈឺធ្ងន់ម្ដងទៀត ប៉ុន្តែលើកនេះ ហាក់មានសភាពធ្ងន់ធ្ងរខ្លាំង ជាជំងឺរលាកស្រោមខួរក្បាល ដែលពេលនេះ បណ្ដាលឱ្យលោកដេកស្ដូកស្ដឹងលើគ្រែពេទ្យ និងនិយាយរវើរវាយលែងដឹងអ្វីហើយ។
នេះបើតាមការជូនដំណឹងតាមរយៈបណ្ដាញសង្គមរបស់ប្អូនប្រុសបង្កើតរបស់ លោក អៀង ចេនឡា គឺពិធីករ សុខ រ៉ាស៊ី បានរៀបរាប់ថា ៖«បងប្រុសខ្ញុំ គាត់ឈ្មោះ អៀង ចេនឡា គាត់ជាតារាចម្រៀង ពេលនេះ ឈឺធ្ងន់ ជំងឺរលាកស្រោមខួរក្បាល លែងនិយាយដឹងអីហើយ រវើរវាយបាត់បង់ការចងចាំ សូមអធ្យាស្រ័យផង សម្រាប់បងប្អូនអ្នកហៅគាត់ធ្វើការងារទាំងប៉ុន្មាន!»។
ក្រោយពីឃើញបែបនេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើន ហាក់ភ្ញាក់ផ្អើលស្លុតចិត្តជាខ្លាំង និងបង្ហាញការព្រួយបារម្ភ អាណិត ចំពោះតារាប្រុសរូបនេះ គ្រប់គ្នា ព្រមទាំងធ្វើការជូរពរដល់រូបលោក ឱ្យឆាប់ធូរស្បើយពីជំងឺមួយនេះផងដែរ៕









0 comments:
Post a Comment