មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាសម្ដែងនូវក្ដីរំភើប និង ស្ញើចសរសើរ ចំពោះយុវជនកម្ពុជាវ័យក្មេងមួយរូប ដែលបានសម្រេចក្ដីស្រមៃរបស់ខ្លួន សម្ភាសបានចូលហ្វឹកហាត់ការងារក្នុងក្រុមហ៊ុន Facebook។
ទន្ទឹមនឹងនោះ យុវជនដែលបានសម្ភាសជាប់មាន គណនីឈ្មោះ Victorya Heng បានបង្ហាញចំណាប់អារម្មណ៍ឱ្យបានដឹងថា ទីបំផុតក្តីស្រមៃរបស់ខ្លួនតាំងពីក្មេង ដែលចង់ចូលធ្វើការក្នុងក្រុមហ៊ុន Facebook បានសម្រេចហើយ ដោយកាលពីរៀននៅខ្មែរ ថ្នាក់ទី ១០ ខ្លួនចេះធ្វើ software និង tools បន្តិចបន្ទួច ធ្លាប់ស្រមៃចង់ចូលធ្វើការនៅក្នងក្រុមហ៊ុនធំ Facebook តែកាលនោះគិតថាមិនអាចទៅរួច ឬ មិនងាយទៅរួចទេ ព្រោះពេលនោះ គិតថាមិនដឹងចេញមករៀនអាមេរិកធ្វើយ៉ាងម៉េចផង។
ដោយឡែកស្រាប់តែនៅថ្ងៃនេះ ៧ ឆ្នាំក្រោយមក ខ្លួនក៏បានទទួលបានឱកាសការងារ ចូលធ្វើការនៅក្នុងក្រុមហ៊ុន Facebook នៅខែ ៥ ខាងមុខនេះរយៈពេល ៣ ខែ បន្ទាប់ពីបានជាប់ការចម្រាញ់ប្រវត្តិរូបការងារ និង ឆ្លងកាត់ការសម្ភាសចម្រាញ់ដ៏ពិបាកចំនួន ៣ ដង។
បន្ថែមលើសពីនេះ ស្របតាមឱកាសដ៏មានតម្លៃនេះ យុវជនខាងលើបានបញ្ជាក់ថា អ្វីដែលរូបគេបានរៀនគឺឱ្យតែយើងមានចំណង់ចំណូលចិត្ត ក្តីស្រមៃខ្ពស់ ជឿជាក់លើខ្លួនឯង និង ការខិតខំប្រឹងប្រែងតែបន្តិច ថ្ងៃណាមួយយើងនឹងធ្វើវាបាន។
មិនតែប៉ុណ្ណោះ យុវជនខ្មែរដំបូងរូបនេះ បានបន្តថា ខ្លួននឹងខំប្រឹងប្រែងដើម្បីក្លាយជាបុគ្គលិកពេញសិទ្ធិនៅថ្ងៃខាងមុខ ហើយនឹងចែករំលែកបទពិសោធសម្រាប់អ្នកទាំងអស់គ្នា ដែលមានបំណងចង់ដាក់ពាក្យចូលធ្វើការក្រុមហ៊ុនធំៗឆាប់ៗនេះ៕




0 comments:
Post a Comment