ត្បូងឃ្មុំ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងថា ទោះបីកម្ពុជាគ្មានវ៉ាក់សាំងកូវីដ១៩ក៏ដោយ ក៏កម្ពុជាមិនប្រើវ៉ាក់សាំង ដែលផុតសុពលភាពនោះឡើយ ព្រោះវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសមិនត្រូវឱ្យមាននរណា ម្នាក់ស្លាប់ដោយសារការចាក់វ៉ាក់សាំងដូចគេបំផុសបំផុលនោះទេ ។
ថ្លែងក្នុងពិធីបើកសម្ពោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃប្រមាណ៤៥ លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលនិងប្រជាជនចិន ជូនចំពោះរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សង្ឃឹមថា កម្ពុជានឹងទទួលបានជំនួយ វ៉ាក់សាំង កូវីដ១៩ជាបន្តបន្ទាប់ទៀតពីសាធារណរដ្ឋប្រជាមានិតចិននិងប្រទេសជាមិត្តដទៃទៀត ខណៈដៃគូអភិវឌ្ឍន៍ខ្លះ ក៏គ្រោងនឹងដឹក វ៉ាក់សាំងមកកម្ពុជាអំឡុងខែមីនានេះដែរ តែឥឡូវនេះមិនទាន់ទទួលបានដំណឹងអ្វីបន្ថែមនោះឡើយ ចំពោះការបញ្ជូនវ៉ាក់សាំង មកកម្ពុជា ដែលវ៉ាក់សាំងនោះត្រូវបានរាយការណ៍ថា នឹងផុតកំណត់នៅចុងខែមីនានេះហើយ ។
សម្តេចតេជោបន្តថា ចំពោះវ៉ាក់សាំងដែលជិតផុតកំណត់នោះ ក្រុមការងារពាក់ព័ន្ធត្រូវពិភាក្សាឡើងវិញថា ប្រសិនបើវ៉ាក់សាំងនោះ នៅតែពន្យារពេលបន្តទៀតនោះ គឺកម្ពុជាមិនអាចទទួលយកបាននោះឡើយ ព្រោះបើយកវ៉ាក់សំាងមក គឺត្រូវចាក់ប្រជាពលរដ្ឋ កម្ពុជាឱ្យមានសុវត្ថិភាពពេញលេញមួយប្រទេស មិនត្រូវឱ្យមាននរណាម្នាក់ស្លាប់ដោយសារការចាក់វ៉ាក់សាំងហួសសុពលភាព នោះឡើយ ។
« ខ្ញុំសូមបញ្ជាក់ថា នៅកម្ពុជាបើទោះបីជាខ្ញុំគ្មានវ៉ាក់សាំងក៏ដោយ តែខ្ញុំមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងផុតសុពលភាពនោះ ទេ គឺខ្ញុំសូមបញ្ជាក់កន្លែងនេះ បើសិនជាគេយកវ៉ាកសាំងមកបោះចោលនៅស្រុកយើង ខ្ញុំមិនឱ្យចាក់ទេ វ៉ាក់សាំងខ្លះគឺអស់ សុពលភាព ចុងខែ៣នេះហើយ ចឹងបើអស់សុពលភាពចុងខែ០៣ យើងទទួលមិនបានទេ ព្រោះវាប៉ុណ្ណឹងដែរហើយ ហើយទម្រាំចាក់ដូសទី១ហើយ ឥឡូវពេលវេលាមកដល់ក៏មិនទាន់ជាក់លាក់ហើយទៅពិភាក្សាគ្នាឡើងវិញ កាលដែលសួរយោបល់ខ្ញុំ គឺក្នុងខែ២ឥឡូវនេះគឺដល់ថ្ងៃទី០៧ ខែ០៣ ហើយ ស្អែកនេះ ៨មីនា ទិវាសិទ្ធនារីហើយ » ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា វ៉ាក់សាំង គឺជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា ព្រោះបើគ្មានការចាក់វ៉ាក់សាំងទេនោះ ភាពស៊ាំក្នុងសហគមន៍មិនអាចកើតមានឡើយ ហើយសកម្មភាពសេដ្ឋកិច្ច-សង្គមក៏មិនអាចដំណើរការបានល្អប្រសើរនោះដែរ៕ ប្រភពពី ៖ ក្រសួងព័ត៌មាន





0 comments:
Post a Comment