អ្នកទោសអ៊ុយក្រែនដែលធ្លាប់មានបទពិសោធប្រយុទ្ធ នឹងត្រូវបានដោះលែងពីពន្ធនាគារ ឱ្យបំពេញកាតព្វកិច្ចជួយសង្គមជាតិខ្លួនលើសមរភូមិជួរមុខ ក្នុងកិច្ចតតាំងជាមួយនឹងប្រទេសរុស្ស៊ី នេះបើតាមការប្រកាសរបស់លោកប្រធានាធិបតី Volodymyr Zelensky កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ។
មេដឹកនាំប្រទេសអ៊ុយក្រែន ដែលទទួលបានការស្ងើចសរសើរពីបណ្ដាប្រទេសជាច្រើនលើពិភពលោក ជុំវិញការឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ី បានថ្លែងការប្រកាសថា អ្នកទោសដែលមានបទពិសោធខាងប្រយុទ្ធ នឹងអនុញ្ញាតឱ្យតបស្នងលុបលាងទោសរបស់ពួកគេលើសមរភូមិជួរមុខ។ ក្រោមច្បាប់អាជ្ញាសឹក ជនជាតិអ៊ុយក្រែនណាដែលមានបទពិសោធច្បាស់លាស់ក្នុងការប្រយុទ្ធ នឹងត្រូវបានដោះលែងពីការឃុំឃាំង ហើយនឹងអាចលុបលាងទោសកំហុសរបស់ពួកគេលើសមរភូមិជួរមុខក្នុងការតតាំងប្រឆាំងនឹងរុស្ស៊ី។
គួរឱ្យដឹងដែរថា មេដឹកនាំប្រទេសអ៊ុយក្រែន ដែលជាអតីតតារាកំប្លែងឡើងកាន់អំណាចក្នុងឆ្នាំ ២០១៩ នោះ បានចេញវីដេអូប្រកាសចុងក្រោយរបស់លោកមួយនេះ ខណៈរុស្ស៊ី និង អ៊ុយក្រែន បានអង្គុយទល់មុខគ្នានិយាយចរចាជាលើកដំបូង ចាប់តាំងពីមេដឹកនាំរុស្ស៊ី Vladimir Putin បានបញ្ជាទ័ពឱ្យលុកលុយចូលប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ។
ជាមួយគ្នានោះដែរ មេដឹកនាំអ៊ុយក្រែន ក៏បានដាក់ការស្នើសុំទៅកាន់សហភាពអឺរ៉ុប ឱ្យអនុញ្ញាតឱ្យអ៊ុយក្រែនចូលរួមភ្លាមៗ ក្នុងការប្រឈមមុខតទល់នឹងការឈ្លានពានរបស់រុស្ស៊ីនេះ៕





0 comments:
Post a Comment