ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នឹងឈានចូលមកដល់ នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២២ វេលាម៉ោង ១០ និង ០០ នាទី។
ទន្ទឹមទៅនឹងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ដែលនឹងខិតចូលមកដល់នាពេលខាងមុខឆាប់ៗនេះ មានស្រទាប់មហាជនមួយចំនួនតូច ពិសេសក្មេងៗជំនាន់ក្រោយ ដែលមិនបានយល់ច្បាស់ពីពាហនៈនៃទេវធីតាអាចនឹងងាយច្រឡំថា ទេពធីតាឆ្នាំខាល ទ្រង់ជិះពាហនៈជាសត្វខ្លា ដែលជាសត្វតាមឆ្នាំនោះ ដែលជាភាពមិនត្រឹមត្រូវនោះឡើយ។
តាមពិតយានជំនិះទេវតា ខុសពីពង្សធាតុនៃទេវតា ដែលជាសត្វតាមឆ្នាំ ដោយគ្រប់គ្នាតែងតែគិតថា រាល់ពេលចូលឆ្នាំ ទេវតាដែលទ្រង់នឹងយាងចុះមកគ្រងជម្ពូទ្វីប តែងមានយានជំនិះជាសត្វតំណាងឱ្យឆ្នាំនោះ ។ ឧទាហរណ៍ ឆ្នាំជូតជិះកណ្តុរ ឆ្នាំឆ្លូវជិះគោ ឬ ឆ្នាំខាលជិះខ្លា ជាដើម តែការពិតមិនដូច្នោះឡើយ ព្រោះបុត្រីកបិលមហាព្រហ្មមានតែ ៧ អង្គប៉ុណ្ណោះ ដែលទេពធីតាទាំង ៧ អង្គនោះ ទ្រង់មានយានជំនិះផ្ទាល់ មិនមែនសត្វតំណាងឆ្នាំទាំង ១២ ឡើយ ។
ខាងក្រោមនេះជា ថ្ងៃ និង ព្រះនាមទេពធីតា ព្រមទាំងយានជំនិះ ពេលទ្រង់ចុះគ្រងជម្ពូទ្វីប ដែលដកស្រង់ចេញពីសៀវភៅ មហាសង្ក្រាន្តខ្មែរ ៖
-ថ្ងៃអាទិត្យ ទេវតានាមនាង ទុង្សាទេវី ដែលមានយានជំនិះជាសុបណ្ណរាជ (ស្តេចគ្រុឌ)
-ថ្ងៃចន្ទ ទេវតានាមនាង គោរាគទេវី ដែលមានយានជំនិះជាព្យគ្ឃ: (ខ្លាធំ)
-ថ្ងៃអង្គារ ទេវតានាមនាង រាក្យសាទេវី ដែលមានយានជំនិះជាអស្សតរ (សេះ) ឬ សុករ: (ជ្រូក)
-ថ្ងៃពុធ ទេវតានាមនាង មណ្ឌាទេវី ដែលមានយានជំនិះជាគទ្រភៈ (លា)
-ថ្ងៃព្រហស្បត្តិ៍ ទេវតានាមនាង កិរិណីទេវី ដែលមានយានជំនិះជាគជសារ (ដំរី)
-ថ្ងៃសុក្រ ទេវតានាមនាង កិមិរាទេវី ដែលមានយានជំនិះជាមហិសារាជ (ស្តេចក្របី)
-ថ្ងៃសៅរ៍ ទេវតានាមនាង មហោទរាទេវី ដែលមានយានជំនិះជាមយូរ (ក្ងោក)







0 comments:
Post a Comment