Nick Mocuta គឺជាបុរសសញ្ជាតិរ៉ូម៉ានីម្នាក់ ដែលទទួលបានការស្ញប់ស្ញែងខ្លាំងពីជីវិតតស៊ូមិនចុះចាញ់របស់លោក។
ក្នុងវ័យ ២១ ឆ្នាំ លោក Nick បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកជំនួញ។ ជាជាងដើររកការងារក្នុងស្រុកកំណើតរបស់ខ្លួន បុរសចិត្តមាំរូបនេះ បានកើតក្ដីស្រមៃចង់ទៅសហរដ្ឋអាមេរិក ហើយក៏សម្រេចចិត្តទៅដូចចិត្តជាមួយប្រាក់ក្នុងខ្លួនត្រឹម ៥០០ ដុល្លារដែលបានពីយាយរបស់លោកឱ្យ។
គ្រាន់តែទៅដល់ក្រុង Los Angeles ភ្លាម លោកបែរជាភ្ញាក់ផ្អើលជាខ្លាំង ក្រោយដឹងថា ថ្លៃឈ្នួលតាក់ស៊ីដឹកលោកមកដល់ក្រុងនេះគឺអស់រហូតដល់ ១០០ ដុល្លារ ដែលបទពិសោធនេះធ្វើឱ្យលោកចងចាំក្នុងចិត្តគ្មានថ្ងៃបំភ្លេចបាននោះឡើយ។
ជីវិតរបស់លោក Nick ពីដំបូងៗគឺលំបាកខ្លាំងហួសស្មាន។ លោកមិនសូវចេះនិយាយភាសាអង់គ្លេស ហើយរកកន្លែងស្នាក់នៅស័ក្ដិសមនឹងប្រាក់មានក្នុងខ្លួនបន្តិចបន្តួចនោះមិនបានទៀត រហូតលោកត្រូវសម្រេចចិត្តដេកតាមបង់តាមសួនច្បាររយៈពេលច្រើនសប្ដាហ៍។ ដោយការខ្វះខាតលុយនេះទៀតសោត លោកអាចហ៊ានចំណាយប្រាក់ត្រឹម ១ ដុល្លារប៉ុណ្ណោះទិញប៊ឺហ្គឺមួយញ៉ាំរាល់ពេល ហើយប្រាប់អ្នកលក់កុំឱ្យដាក់ឈីសថែមទៀត ព្រោះខ្លាចគេគិតលុយថែម។
ក្រោយមក Nick រកបានការងារមួយជាអ្នកយាមនៅកន្លែងចតយានយន្ត ដែលពេលនោះហើយ លោកមានលុយសម្រាប់ជួលផ្ទះជ្រកកោនដូចគេ។ នៅពេលភាសាអង់គ្លេសរបស់លោកចាប់ផ្ដើមល្អជាងមុនខ្លះ លោកក៏តស៊ូរហូតបានក្លាយជាភ្នាក់ងារលក់អចលនទ្រព្យម្នាក់ ប៉ុន្តែមុនទទួលបានជោគជ័យនេះ លោកក៏ទទួលការបរាជ័យមិនតិចនោះដែរលើអាជីពមួយនេះ។
ក្នុងឆ្នាំ ២០១៣ បុរសរូបនេះសម្រេចចិត្តទៀតហើយ លើកនេះគឺសម្រេចចិត្តលក់ទូរស័ព្ទ និងស្រោមដាក់ទូរស័ព្ទដែលនាំចូលពីចិន លក់លើ eBay។ លើកដំបូងក្នុងរយៈពេល ៦ ខែ លោកអាចរកចំណូលបានខ្ទង់ ៣ ពាន់ទៅ ៤ ពាន់ដុល្លារក្នុងមួយខែ។ ដោយឃើញអនាគតលើវិស័យប្រព័ន្ធអាឡិចត្រូនិច (e-commerce) នេះដំណើរការល្អបែបនេះ លោកក៏បានផ្លាស់ប្ដូរមកចាប់លើអាជីពនេះទាំងស្រុងតែម្ដង។
«ខ្ញុំធំធាត់ឡើងក្នុងគ្រួសារមួយដែលឪពុកខ្ញុំជាគណនេយ្យករ និងម្ដាយខ្ញុំជាគ្រូបង្រៀន ដូច្នេះខ្ញុំគ្មានធ្វើអ្វីក្រៅពីរៀននោះទេ កាលពីក្មេង។ ក្រោយបញ្ចប់ការសិក្សា ខ្ញុំមកសហរដ្ឋអាមេរិកនេះ ជាមួយមហិច្ឆតាធំ ដើម្បីទទួលបទពិសោធន៍ច្រើន និងប្រែក្លាយខ្លួនឱ្យកាន់តែប្រសើរ»។ លោក Nick បញ្ជាក់។ គន្លឹះនៃភាពជោគជ័យរបស់ Nick គឺមិនខ្លាចការបាត់បង់ ឬបរាជ័យ និងមិនចុះចាញ់។ «ខ្ញុំបរាជ័យ ៧ ដង ហើយខ្ញុំក្រោកឈរឡើងវិញ ៨ ដង»។ Nick បន្ថែម។
បច្ចុប្បន្ន លោក Nick គឺជាពលរដ្ឋអាមេរិកពេញសិទ្ធិ ដោយលោកមានរបរអនឡាញជាច្រើនលើវិបសាយ Amazon និង Walmart។ មហាសេដ្ឋីរកចំណូលដោយខ្លួនឯងរូបនេះ បានទម្លាយថា មកទល់ពេលនេះ លោករកចំណូលបានប្រមាណជា ៤០ លានដុល្លារហើយពីពាណិជ្ជកម្មអេឡិចត្រូនិច។ លោកបានប្រើប្រាស់លុយកាសទាំងនេះ ទៅវិនិយោគលើអគារ apartments ជាង ១០០ កន្លែងនៅសហរដ្ឋអាមេរិក និងប្រទេសរ៉ូម៉ានី ហើយឥលូវលោកក៏ជាមានឡានទំនើបៗជារបស់ខ្លួនចំនួន ៤ គ្រឿងផងដែរ៕
ប្រភព៖ Daily Stars








0 comments:
Post a Comment