ខ្លោចចិត្តណាស់!! ក្មេងប្រុសអាយុ ៥ ឆ្នាំ យំសស្រាក់ច្រៀងឡាយរៃអង្គាសលុយ យកធ្វើបុណ្យស-ពឪពុក (មានវីដេអូ)
ក្មេងប្រុសម្នាក់នៅប្រទេសថៃ កំពុងធ្វើឱ្យមហាជនតាមបណ្ដាញសង្គមរំជួលចិត្តជាខ្លាំង ខណៈរូបគេ បានធ្វើការឡាយលើហ្វេសប៊ុក លេងហ្គីតាច្រៀងចម្រៀង ដើម្បីជាការសុំរៃអង្គាសប្រាក់ឱ្យបានគ្រប់សម្រាប់ធ្វើពិធីបុណ្យសពឪពុករបស់ខ្លួន ដែលទើបតែបានចែកឋានទៅថ្មីៗ។
ក្មេងរូបនោះត្រូវបានស្គាល់ឈ្មោះថា Chanadej Khiewsen អាយុ ១២ ឆ្នាំ ធ្លាប់ធ្វើជាអ្នកប្រគំតន្ត្រីតាមដងផ្លូវ តាំងពីគេមានអាយុត្រឹម ៥ ឆ្នាំមកម្ល៉េះ។ កាលនោះ រូបគេធ្លាប់លេងភ្លេងរកប្រាក់នៅឯផ្សារចតុចក្រ (Chatuchak Weekend Market) និង Siam Square ដើម្បីបានប្រាក់ផ្គត់ផ្គង់ការរៀនសូត្រ។ ទោះជាយ៉ាងណា ត្រឹមរយៈពេលប៉ុន្មានខែកន្លងទៅនេះ រូបគេបានផ្លាស់មកធ្វើការប្រគំតន្ត្រីតាមអនឡាញវិញ ដោយសារតែឪពុកឈឺជំងឺមហារីក។ គួរឱ្យដឹងថា ឪពុក Chanadej គឺជាពោះម៉ាយ ដោយមានតែរូបគេជាទីពឹងប៉ុណ្ណោះ។
អំឡុងពេលប្រគំតាមអនឡាញមួយរយៈនោះ រូបគេរកប្រាក់ថវិកាគួរសមសម្រាប់បង់ថ្លៃព្យាបាលឪពុក ប៉ុន្តែស្រាប់តែមកដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ឪពុកដែលមានជំងឺប្រចាំកាយរបស់គេ បានលាចាកលោកទៅហើយ។
ជីវិតជួបបញ្ហាលំបាក ហើយស្រាប់តែមកជួបទុក្ខធំបែបនេះទៀត ក្មេងប្រុសកម្សត់រូបនោះ ក៏បានធ្វើការឡាយហ្វេសប៊ុក ទឹកភ្នែកហូរយំសស្រាក់ សុំមហាជនដើម្បីអាចបានប្រាក់យកធ្វើបុណ្យសពជូនឪពុក។
ដំបូងឡើយ Chanadej ខំព្យាយាមលាក់អារម្មណ៍ ធ្វើភាពក្លាហាន និង ទឹកមុខរីករាយ ប៉ុន្តែមិនយូរប៉ុន្មាន ទឹកភ្នែករបស់គេក៏ចាប់ហូរស្រក់ដាបថ្ពាល់ រួចរូបគេក៏និយាយទាំងទឹកភ្នែកសស្រាក់ថា ៖ «ថ្ងៃដែលខ្ញុំមិនចង់ជួបក៏បានមកដល់ តែប៉ាខ្ញុំបានប្រាប់ខ្ញុំថា រស់នៅក្នុងពិភពលោកត្រូវទទួលស្គាល់ការពិត។ ខ្ញុំចង់ធ្វើវាជាលើកចុងក្រោយជូនប៉ារបស់ខ្ញុំ។ ខ្ញុំធ្វើការប្រគំតន្ត្រីផ្ទាល់ជូនប៉ារបស់ខ្ញុំ។ ថ្ងៃនេះ ខ្ញុំសុំអនុគ្រោះអ្នកទាំងអស់គ្នាសុំប្រាក់តិចតួចយកធ្វើបុណ្យសពឱ្យប៉ាខ្ញុំ។ ខ្ញុំមិនដែលចង់ប្រើប្រាស់ពាក្យពេចន៍នេះឡើយ»។
វីដេអូរបស់ក្មេងប្រុសកម្សត់រូបនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង និង ស្រក់ទឹកភ្នែកគ្រប់ៗគ្នា។ ក្រោយការជួយជាថវិកាបន្តិចបន្តួច ពួកគេក៏ជូនពរឱ្យក្មេងប្រុស Chanadej មានអ្នកមើលឃើញស្នាដៃ ជួយជ្រោមជ្រែងរូបគេឱ្យក្លាយជាតន្ត្រីករដ៏ល្អមួយរូបផងដែរ៕





0 comments:
Post a Comment