បើរំឭកកាលពីប្រមាណជាង ២០ ឆ្នាំមុន មហាជនអ្នកនិយមតាមដានទស្សនាចម្រៀងកាយវិការរបស់ផលិតកម្មរស្មីហង្សមាស ប្រាកដជានៅចងចាំនៅឡើយនូវចម្រៀងខារ៉ាអូខេល្បីឈ្មោះខ្លាំងកាលពីអំឡុងឆ្នាំ ២០០០ គឺរឿង «ម៉ាក់ថឺង» ដោយមានការចូលរួមសម្តែងជាតួអង្គឯក «ម៉ាក់ថឺង» ដោយ លោក បេ វណ្ណារ៉ា និង «មឺយចឺង» ដោយ អ្នកនាង ព្រំ រដ្ឋា។
យ៉ាងណាក្នុងនោះ ក្រៅពីតួអង្គសំខាន់ៗ ២ រូបនេះ ក៏មានតួអង្គជាច្រើនទៀតត្រូវបានជាប់ក្នុងក្រអៅបេះដូងអ្នកគាំទ្រ ក៏ព្រោះទេពកោសល្យនៃការសម្តែងរបស់ពួកគេ ជាពិសេសនោះគឺតួអង្គកាចសាហាវ បំបែកបំបាក់ ម៉ាក់ថឺង និង មឺយចឺង គឺតួអង្គ «ព្យ៉ាណយ» សម្តែងដោយលោក ខាំ សុខនាង នោះឯង។
តួអង្គ «ព្យ៉ាណយ» ក្នុងចម្រៀងខារ៉ាអូខេកាលពីជាង ២០ ឆ្នាំមុន ដែលសម្តែងដោយលោក ខាំ សុខនាង ត្រូវបានអ្នកគាំទ្រមានការកោតសរសើរយ៉ាងខ្លាំងពីទេពកោសល្យរបស់លោក។ គេដឹងថា លោក ខាំ សុខនាង គឺជានិស្សិតបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រសិល្បៈនាដសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកដឹកនាំរឿង និង និពន្ធ។
លើសពីនោះ លោក ខាំ សុខនាង គឺជាសិល្បករម្នាក់មានបទពិសោធសម្តែង និង ច្រៀងផ្នែកបុរាណ ព្រមទាំងពីដឹកនាំសិល្បករ សិល្បការិនីសម្តែងល្ខោនបាសាក់ យីកេ និង និពន្ធ កែសម្រួលរឿងល្ខោនបាសាក់ ល្ខោនយីកេថែមទៀតផង។
មកទល់ពេលនេះ លោក ខាំ សុខនាង ក៏នៅតែមិនចាកឆ្ងាយពីអាជីពខាងលើនោះដែរ ដោយលោកនៅតែបន្តលើអាជីពចាស់ដូចដើម ក្នុងនាមជាសិល្បកររៀមច្បង ព្រមទាំងគ្រូទៀតផង។ សព្វថ្ងៃលោក ក៏បានរៀបការ និង ទទួលបានចំណងដៃកូនស្រីចំនួន ២ នាក់រួចហើយដែរ៕









0 comments:
Post a Comment