កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ តាមសារព័ត៌មានមួយរបស់ថៃបានឱ្យដឹងថា មានបុរសជនជាតិវៀតណាមម្នាក់ ត្រូវបានប្រទះនៅលើទូកពោងម្នាក់ឯងកណ្តាលសមុទ្រ ដល់សួរនាំទៅទើបដឹងថា កំពុងតែចង់ជិះឆ្លងទៅរកប្រពន្ធនៅឯប្រទេសឥណ្ឌាឯណោះ។
ក្នុងនោះ បុរសរូបនេះត្រូវបានប្រទះដោយក្រុមទ័ពជើងទឹក នាតំបន់កោះសិមិឡាន់ នាខេត្តផាំងង៉ា ប្រទេសថៃ ដោយដំបូងឡើយ គេឃើញបុរសរូបនេះ នៅលើទូកពោងប្រវែងប្រហែល ២.៥ ម៉ែត្រ នាកណ្តាលសមុទ្រ ហើយនៅលើនោះមានកាបូបខោអាវ ព្រមទាំងកញ្ចប់មី និង ទឹកសុទ្ធប៉ុន្មានដបប៉ុណ្ណោះ។
ដោយសារតែខ្លាចគ្រោះថ្នាក់ និង ព្យុះបោកបក់ ខាងក្រុមទ័ពជើងទឹកក៏បានទៅឃាត់គេមកសួរនាំ ហើយក៏បានដឹងថាបុរសម្នាក់នេះ មានឈ្មោះ Mr.HO HOANG HUNG គឺជាជនជាតិវៀតណាម អាយុ ៣៧ ឆ្នាំ ដំបូងឡើយរូបគេបានជិះយន្តហោះពីទីក្រុងសាយហ្គន ប្រទេសវៀតណាម មកប្រទេសថៃ តាំងពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ មកម្ល៉េះ ដោយមានបំណងបន្តទៅទីក្រុង Mumbai ប្រទេសឥណ្ឌា ដើម្បីទៅរកប្រពន្ធជាជនជាតិឥណ្ឌា ដែលបានរៀបការជាមួយគ្នា ២ ឆ្នាំមកហើយ តែត្រូវបែកគ្នាដោយសារផ្ទុះកូវីដ។
ក្រោយមក ដោយសារតែមិនមានវីសាចូលប្រទេសឥណ្ឌា ទើបរូបគេសម្រេចចេញពីទីក្រុងបាំងកក ឆ្ពោះមកខេត្តភូកេតវិញ រួចក៏ដាច់ចិត្តរកទូកជិះឆ្លងវិញតែម្តង ហើយបើតាមការឱ្យដឹងនោះ គឺគេបាននៅលើទូកនេះ អស់ជាង ១៨ ថ្ងៃមកហើយ។ យ៉ាងណាមិញ គេក៏ឃាត់ខ្លួនបុរសរូបនេះ ឡើងមកលើគោកវិញទៅហើយ ហើយក៏ត្រូវបានបញ្ចូនបន្តទៅខាងពាក់ព័ន្ធ ដើម្បីឱ្យគេជួយដោះស្រាយផងដែរ៕








0 comments:
Post a Comment