កាលពីថ្ងៃទី ១១ ,១២, ១៣ ខែមីនា ឆ្នាំ ២០២២ កន្លងទៅក្នុងកម្មវិធីបុណ្យសពតារាស្រី Tangmo Nida គេសង្កេតឃើញថាមានការចូលរួមពីសំណាក់បងប្អូន ញាតិមិត្តសិល្បករថៃល្បីៗជាច្រើនក្នុងប្រទេស ដើម្បីសម្ដែងនូវការអាឡោះអាល័យ និង រំលែកទុក្ខចំពោះគ្រួសារនៃសពផង។
ក្រោយពីកម្មវិធីបុណ្យសពបានប្រព្រឹត្តទៅចប់សព្វគ្រប់ គេឃើញមហាជនហាក់កើតការរិះគន់ខឹងសម្បារចំពោះតារាស្រី Jooy និង ស្វាមី គឺលោក Push ដែលពុំបានទៅចូលរួមបុណ្យសពតារាស្រី Tangmo ហើយ Jooy បែរជានិយាយពាក្យថា មិនដែលធ្លាប់រួមការងារជាមួយគ្នា ទើបពុំបានចូលរួមផ្ទាល់។ ក្នុងនោះក្រោយពីផ្ទុះការប្រតិកម្ម គេក៏ឃើញតារាប្រុសស្រីទាំងពីរបានចេញបកស្រាយរួចហើយដែរ។
យ៉ាងណាមិញ មិនត្រឹមតែ Jooy និង ស្វាមីប៉ុណ្ណោះដែលត្រូវបានមហាជនរិះគន់ថាមិនចូលរួមពិធីបុណ្យសពតារាស្រី Tangmo នោះ បើងាកទៅមើលកំពូលតារាស្រី Chompoo ឯណោះវិញ ក៏ត្រូវបានមហាជនរិះគន់ដូចគ្នា ព្រោះ Chompoo ក៏ធ្លាប់រួមការងារជាមួយនឹងតារាស្រី Tangmo ដែរ តែថ្ងៃបុណ្យសពគេហាក់មិនឃើញវត្តមាននាងចូលរួមឡើយ។
ក្រោយពីឃើញពាក្យរិះគន់ទាំងអស់នោះមក បានធ្វើឱ្យអ្នកគាំទ្រតារាស្រី Chompoo ក្ដៅឆួលភ្លាមៗ ហើយក៏បានតបតខមមិនទៅវិញខ្លាំង ដោយអ្នកខ្លះបានលើកឡើងថា ៖ «ឃើញច្រើននាក់ហើយដែលនិយាយថាតារាស្រី Chompoo ជុំវិញរឿងមិនទៅបុណ្យសពតារាស្រី Tangmo មកនេះចង់ប្រាប់ថា ម៉ែ Chom ទម្ងន់ជិតសម្រាលហើយ អ្នកណាគេឱ្យមនុស្សមានផ្ទៃពោះទៅចូលរួមបុណ្យសពនោះ តែកាលពីបុណ្យសពឪពុកតារាស្រី Tangmo គឺថាតារាស្រី Chompoo ទៅរហូតណា ទៅផ្តល់កម្លាំងចិត្តឱ្យមិនដែលបាត់ទេ»។
រីឯហ្វេនខ្លះទៀតបានលើកឡើងថា ៖ «មនុស្សមានទម្ងន់គេហាមមិនឱ្យចូលរួមបុណ្យសពឡើយ ណាមួយពេលនេះជំងឺកូវីដ-១៩ កំពុងតែឆ្លងខ្លាំងផង កាលពីបុណ្យឪពុករបស់ Tangmo គឺនាងទៅរហូតដែរហ្នឹង ដូចនេះជឿថាកាលពីបុណ្យ Tangmo តារាស្រី Chompoo ច្បាស់ជាចង់ទៅចូលរួមខ្លាំងហើយ»។
មិនត្រឹមតែមានមតិប៉ុណ្ណេះទេដែលតបតទៅកាន់អ្នករិះគន់តារាស្រី Chompoo គឺថាមានច្រើនទៀត ដោយសុទ្ធតែលើកឡើងស្រដៀងៗគ្នា ទាក់ទងនឹងហេតុផលដែលតារាស្រីរូបនេះមិនបានទៅចូលរួមបុណ្យសពរបស់តារាស្រី Tangmo កាលពីពេលកន្លងទៅ៕







0 comments:
Post a Comment