ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញតារាចម្រៀងលោក យ៉ែម សំអូន ហាក់កាន់តែមានឈ្មោះបោះសំឡេងលើវិថីសិល្បៈ ទោះបីជាកន្លងមកលោកធ្លាប់ជួបរឿងអាស្រូវក្រោយលែងលះជាមួយអ្នកនាង យ៉ាន់ លីនដា ដែលជាអតីតភរិយាក៏ដោយ ហើយបើងាកមកមុខរបររកស៊ីវិញ លោកក៏មានក្រុមតន្រ្តីសម័យផ្ទាល់ខ្លួន ដែលបច្ចុប្បន្នកំពុងទទួលបានការគាំទ្រជាបន្តបន្ទាប់ពីមហាជន។
ខណៈមុខរបរផ្ទាល់ខ្លួន និង អាជីពការងារកំពុងមមាញឹក ថ្មីៗនេះ យ៉ែម សំអូន បានបង្ហោះរូបថតមួយសន្លឹកនៅលើបណ្ដាញសង្គម តែក្នុងនោះមហាជនហាក់ចាប់អារម្មណ៍ខ្លាំងទៅលើផ្ទះវីឡាក្រោយខ្នងរបស់តារាប្រុសរូបនេះ ដែលលោកក៏ហាក់មានចេតនាបង្ហាញឱ្យមហាជនបានឃើញដូចគ្នាផងនោះ។
មិនត្រឹមតែបង្អួតផ្ទះវីឡាតម្លៃរាប់ម៉ឺនដុល្លារនៅខាងក្រោយខ្នងនោះទេ លោក យ៉ែម សំអូន ក៏បានបោះពាក្យសម្ដីយ៉ាងចាក់ដោតទៀតថា ៖ «រាល់ការមើលងាយរបស់អ្នក គឺសុទ្ធតែបង្គាប់នូវភាពតស៊ូលាក់មុខរបស់ខ្ញុំ ពេលខ្លះខ្ញុំមានអារម្មណ៍ហត់ជាមួយសិល្បៈ និង សង្គមក្លែងក្លាយ ប៉ុន្តែខ្ញុំលួចសរសើរសមត្ថភាព និង ការខំប្រឹងប្រែងដោយភាពអត់ធ្មត់គ្រប់យ៉ាងរបស់ខ្ញុំ #តស៊ូគង់បានសម្រេច #សមត្ថភាពជាទុន»។
គេនៅចាំមិនទាន់ភ្លេច យ៉ែម សំអូន ទើបទិញក្រវិលពេជ្រប៉ុនគ្រាប់ពោតជាកាដូសម្រាប់ខ្លួនឯងនៅថ្ងៃខួបកំណើត ស្រាប់តែរំលងមិនបានប៉ុន្មាន តារាចម្រៀងប្រុសរូបនេះថែមទាំងបង្អួតវីឡាទំនើបទៀត៕







0 comments:
Post a Comment