មហាជនអ្នកដែលនិយមតាមដានជីវិតឯកជនរបស់គូតារាប្រុសស្រី អ្នកនាង សួស វីហ្សា និង លោក ថមមី ប្រាកដជាបានដឹងមកហើយថា ប្ដីប្រពន្ធអ្នកសិល្បៈមួយគូនេះ កំពុងតែរស់នៅក្នុងជីវិតមួយបែបអភិជន បន្ទាប់ពីកាន់តែទទួលបានភាពជោគជ័យលើមុខជំនួញក្នុងដៃជាច្រើន ដែលតែងតែបង្ហាញនូវជីវិតយ៉ាងមានសុភមង្គលហាយសូរ ចាយលុយទិញឡានទំនើបៗ ទិញផ្ទះរាប់ម៉ឺនដុល្លារជាបន្តបន្ទាប់។
ជាក់ស្ដែង ថ្មីៗនេះ កាន់តែចាប់អារម្មណ៍ជាមួយនឹងប្ដីប្រពន្ធដ៏ជោគជ័យមួយគូនេះទៀត ក្រោយពីបានឃើញបង្ហាញពីជីវិតអភិជនក្នុងឆ្នាំថ្មី ចាយលុយទិញផ្ទះវីឡាយ៉ាងប្រណីតស្កឹមស្កៃរាប់សែនដុល្លារ និង រថយន្តម៉ាកទំនើបមួយគ្រឿងយ៉ាងថ្មីសន្លាងបន្ថែមទៀត។
នេះបើតាមការបង្ហោះរូបភាពលើបណ្ដាញសង្គមរបស់ អ្នកនាង សួស វីហ្សា ភ្ជាប់ជាមួយសារធ្វើការស្វាគមន៍សមាជិកថ្មីថា ៖ « ឆ្នាំថ្មី ស្វាគមន៍សមាជិកថ្មី សូមអោយសុខចម្រើន តក់ៗគង់តែពេញបំពង់ របស់ទ្រព្យដែលកើតចេញពីកម្លាំងញើសឈាមរបស់យើងវាពិតជាមានន័យ និង មានតម្លៃណាស់ សូមអោយទ្រព្យត្រជាក់ ទ្រព្យសុខសាន្ត ទ្រព្យសុខសប្បាយសន្សំទ្រព្យ តែមិនសន្សំរឿង»។
ទន្ទឹមនឹងនោះដែរ អ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកសិល្បៈជាច្រើន បានចូលរួមសម្ដែងនូវការសាទរដល់ ប្ដីប្រពន្ធមួយគូនេះ ព្រមទាំងជូនពរឱ្យអ្នកទាំងពីរកាន់តែទទួលភាពជោគជ័យក្នុងជីវិត និងមានសុភមង្គលក្នុងគ្រួសារថែមទៀត៕
















0 comments:
Post a Comment