នៅសល់ត្រឹមតែមួយថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃចូលរោងជ័យរបស់តារាសម្តែង ទឹម រដ្ឋា និង អនាគតស្វាមី នឹងឈានមកដល់ហើយ ពោលគឺនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ ខាងមុខនេះ។
ពេលវេលាថ្ងៃពិសេសកាន់តែកៀកមកដល់ មហាជនបានឃើញថាកញ្ញា ទឹម រដ្ឋា និង អនាគតស្វាមី បានចាប់ផ្តើមចែកធៀបការ ជាបន្តបន្ទាប់ដល់មិត្តភក្តិទាំងក្នុង និង ក្រៅរង្វង់សិល្បៈ ដោយពិធីមង្គលការរបស់កញ្ញានឹងរៀបចំឡើងនៅឯមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ។
លើសពីនោះ អ្វីដែលកាន់តែចាប់អារម្មណ៍ គឺរូបភាព Pre-Wedding បែបប្រពៃណី និង រូបបែបរ៉ូមែនទិក ជាបន្តបន្ទាប់របស់ ទឹម រដ្ឋា និង អនាគតស្វាមី លោក Jovany Antonio ក៏ត្រូវបានបង្ហាញឡើងយ៉ាងស្រស់ស្អាតជាបន្តបន្ទាប់ផងដែរ។
អ្វីដែលកំពុងតែធ្វើឱ្យមហាជនអ្នកគាំទ្រកំពុងតែចាប់ភ្លឹក និង នឹកសរសើរដល់តារាស្រីរាងស្រឡូន កម្ពស់បាន ទឹម រដ្ឋា ថែមទៀតនោះ ក៏ព្រោះនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ កញ្ញាបានបង្ហោះរូបភាព Pre-Wedding បន្ថែមទៀតក្នុងឈុត «ឈុតព្រះឥសូរ និ ងព្រះនាងឧមា» ដោយបានភ្ជាប់នូវសារដ៏មានអត្ថន័យក្នុងនាមជាសិល្បការិនីខ្មែរ ដែលនឹងរៀបការស្វាមីជាជនជាតិបរទេស។
កញ្ញា ទឹម រដ្ឋា បានរៀបរាប់ថា ៖ «ក្នុងនាមនាងខ្ញុំជាកូនខ្មែរ សិល្បការិនីមួយរូប ក៏នឹងត្រូវរៀបការជាមួយនឹងអនាគតស្វាមី ដែលមានសញ្ជាតិផ្សេងគ្នា ដូច្នេះហើយខ្ញុំបានស្លៀកនូវសម្លៀកបំពាក់បុរាណខ្មែរមួយឈុតនេះ ជាមួយអនាគតស្វាមី ដើម្បីចង់បង្ហាញ និង គោរពនូវវប្បធម៌ អរិយធម៌ខ្មែរ ទៅកាន់អនាគតស្វាមី និង ពិភពលោក។ ហើយក៏ជារូបភាពអនុស្សាវរីយ៍មួយដ៏សំខាន់ សម្រាប់ថ្ងៃមង្គលរបស់ខ្ញុំទាំងពីរ។ (ឈុតព្រះឥសូរ និង ព្រះនាងឧមា) សាកល្បង និង ដកស្រង់ច្នៃចេញពីរចនាបទព្រះគោ និង ច្នៃបន្ថែមឱ្យកាន់តែមានសោភ័ណ្ឌភាព ដែលថិតក្នុងលម្ហខ្មែរ។ អភិវឌ្ឍដើម្បីអភិរក្ស»៕












0 comments:
Post a Comment